ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ស្ថិតក្នុង​ដំណាក់កាល​មូលដ្ឋាន​នៅឡើយ

0
40
[the_ad id="201"]

បើទោះជា​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង​លើ​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងការ​ទូទាត់​ប្រាក់​សម្រាប់​សេវាផ្សេងៗគួរកត់សម្គាល់​ក៏ដោយ ក៏ត្រូវ​បាន​គេ​មើលឃើញថា កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​លើ​ប្រព័ន្ធ​ទូទាត់​តាមបែប​អេឡិចត្រូនិក​នេះ​នៅឡើយ។

ក្នុងជំនួប​ដ៏​កម្រ​មួយ​ជាមួយ​ប្រតិភូ​នៃ​ក្រុមហ៊ុន Union Pay កាលពីពេលថ្មីៗ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា ស្ថិតក្រោម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កម្ពុជា​បាន​កសាង និង​ប្រើប្រាស់​សេវាកម្ម​មួយចំនួន​តាមបច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដូចជា​ការបើក​ប្រាក់បៀវត្ស​រ៍​ជូន​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ធនាគារ ការទូទាត់​ទៅ​អ្នកផ្គត់ផ្គង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការរៀបចំ​ប្រព័ន្ធ​ចំណូល​ពន្ធ​និង​មិនមែន​សារពើពន្ធ ការរៀបចំ​សិក្សា​លើ​ការផ្ទេរ​ប្រាក់​អេឡិចត្រូនិក​រវាង​រតនាគារជាតិ និង​ធនាគារពាណិជ្ជ​ជាដើម។

ឯកឧត្តម​មានប្រសាសន៍​សង្កត់ធ្ងន់ថាដូច្នេះកម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​លើ​ប្រព័ន្ធ​ទូទាត់​តាមបែប​អេឡិចត្រូនិក​នេះ ដែល​តម្រូវឱ្យ​កសាង​ឱ្យបាន​នូវ​មូលដ្ឋាន​រួមមួយ (Platform) សម្រាប់​ផ្សារភ្ជាប់​រវាង​អង្គភាព ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​រតនាគារជាតិធនាគារជាតិ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត​ជាដើម។ ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​នឹង​ជួយ​ឱ្យ​ការផ្តល់សេវា​សាធារណៈកា​ន់​តែមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ឡើង។ បច្ចេកវិទ្យា​ព័ត៌មាន​ហិរញ្ញវត្ថុ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​កា​រៀបចំ​ប្រព័ន្ធ​រដ្ឋាភិបាល​វៃឆ្លាត (Smart Government) គឺ​ពិតជា​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

លោក SHI Wenchao នាយក​ក្រុមហ៊ុន Union Pay បានបង្ហាញ​ពីបទ​ពិសោធ​ផ្ទាល់​ថា ក្រុមហ៊ុន​លោក​កំពុង​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ចិន ក៏ដូចជា​នៅលើ​ពិភពលោក​ដែរ ហើយ​ដើម្បី​ជួយផ្តល់​បទពិសោធ និង​ចូលរួម​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា ពិសេស​លើ​សេវា​ផ្ទេរ និង​ទូទាត់​ប្រាក់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែម​មួយកម្រិត​ទៀតទើប​ក្រុមហ៊ុន​ឈាន​ជើង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ លោក​ថា Union Pay ផ្តល់​ភាពងាយស្រួល​ដល់​ការទូទាត់​ប្រាក់ ការផ្ទេរ​ប្រាក់​បាន​លឿន​ឆាប់រហ័ស និង​មាន​ទំនុកចិត្ត​ខ្ពស់​នៅលើ​ទីផ្សារ​ពិភពលោក។

ពាក់ព័ន្ធ​ករណីនេះ លោក ជា សេរី​វ​ឌ្ឍ មន្ត្រី​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា និង​ជាទី​ប្រឹក្សា​ថ្នាក់ជាតិ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​Onlineរបស់​រដ្ឋាភិបាល មានប្រសាសន៍​ទទួលស្គាល់​ថា កម្ពុជា​ពិតជា​ស្ថិតនៅក្នុង​ដំណាក់កាល​ក​សាង​មូលដ្ឋានគ្រឹះ​លើ​ប្រព័ន្ធ​ទូទាត់​តាមបែប​បច្ចេកវិទ្យា​នេះ​ប្រាកដ​មែន ដោយសារតែ​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​ធនាគារពាណិជ្ជ​មួយចំនួន​បានដាក់​ឱ្យ​អតិថិជន​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​ទូទាត់​សេវាផ្សេងៗរបស់ខ្លួន មានដូចជា​ធនាគារ​អេ​ស៊ី​ដា​បាន​ដាក់ឱ្យ​អតិថិជន​ប្រើ​ប្រព័ន្ធ​អេស៊ីលីដា​ទាន់​ចិត្ត​សម្រាប់​ឱ្យ​អតិថិជន​អាច​ផ្ទេរប្រាក់ ទូទាត់​ទំនិញ​នៅលើ​ទីផ្សារ និង​ទូទាត់​សេវាកម្ម​តាក់ស៊ី​ជាដើម ចំណែក​ធនាគារ​កាណាឌីយ៉ា​បង្កើត​ប្រព័ន្ធ​ទូទាត់ តារា​ផេ (Dara Pay) ដែល​អាចឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់ ឬ​វេរ​លុយ ហើយ​ធនាគារ​ABA បង្កើត​ប័ណ្ណ ABA Pay សម្រាប់​ឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះដែរ ប៉ុន្តែ​ភាគច្រើន​នៃ​អតិថិជន​អាចមាន​លទ្ធភាព​ត្រឹមតែ​បង់​ទឹក​ភ្លើង​របស់​រដ្ឋ​តាម​ប្រព័ន្ធ​អន​ឡាញ​ប៉ុណ្ណោះ មិនទាន់មាន​ភាពទូលំទូលាយ​អាច​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​បាន​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​អតិថិជន​ភាគច្រើន​នៅ​មិនទាន់មាន​ការចាប់អារម្មណ៍​ប្រើប្រាស់ ឬ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​នៅឡើយ។

ទោះជា​យ៉ាងនេះ​ក្ដី ក៏​កម្ពុ​ជាមាន​សក្តានុពល​ខ្លាំង​ក្នុង​ការផ្តល់​សេវាកម្ម​ឱ្យ​អតិថិជន​ប្រើ​ប្រព័ន្ធ​ទូទាត់​តាម​អន​ឡាញ (Online Payment)នេះ​កាន់តែច្រើន​ដែរ ដោយសារ​ប្រជាជន​កម្ពុ​ជាមាន​ទំនោរ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស្ទើរតែ​គ្រប់គ្នាហើយ​មនុស្ស​មួយចំនួន​កាន់​ទូរស័ព្ទ​ដៃដល់​ទៅ2គ្រឿង ឬ3គ្រឿង ដែល​ធ្វើឱ្យ​ទូរស័ព្ទដៃ​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាង​ចំនួន​ប្រជាជន​ទៅទៀត ហើយ​ដើម្បីឱ្យ​អតិថិជន​មានការ​គាំទ្រ និង​ងាក​មក​ប្រើ​ប្រព័ន្ធ​ទូទាត់​ឱ្យបាន​កាន់តែ​ច្រើនឡើង​នោះ ក្រុមហ៊ុន​ឯកជន​នានា​រួម​នឹង​ធនាគារ​គួរ​សហការគ្នា​ស្វែងរក​ដៃគូ​លក់ទំនិញផ្សេងៗឱ្យបាន​កាន់តែច្រើន ដើម្បីឱ្យ​អតិថិជន​មានលទ្ធភាព​ទូទាត់​ទំនិញ​នៅលើ​ទីផ្សារ​នានា​បាន​ទូលំទូលាយ នៅពេលដែល​គាត់​មាន​តម្រូវ​ការទិញ​សម្ភារ​ប្រើប្រាស់​នៅតាម​ផ្សារ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here