ចង់ដឹង​ទេ​ថា “អាការ​ស្រមៃ​ថា ទូរស័ព្ទដៃ​ញ័រ‟ បណ្ដាលមកពី​មូលហេតុ​អ្វី?

0
34
[the_ad id="201"]

តើ​ធ្លាប់​ដែរឬទេ ពេលដែល​យើង​កំពុង​អង្គុយ ឬ​កំពុង​ដើរ ហើយ​ស្រាប់​តែមាន​អារម្មណ៍​ថា ទូរស័ព្ទដៃ​នៅក្នុង​ហោប៉ៅ​ញ័រ​ដូចជា​មាន​គេ​ទូរស័ព្ទ​ចូល ឬ​មាន​សញ្ញា​ប្រាប់​ពី Application ផ្សេងៗ ប៉ុន្តែ​លុះ​ពេល​ទាញ​យកមក​មើល ស្រាប់តែគ្មានអ្វី​ទាំងអស់! អាការ​ចម្លែក​នេះ ហៅថា “អាការ​ស្រមៃ​ថា​ទូរស័ព្ទ​ញ័រ‟ ឬ “Phantom Vibration Syndrome​ (PSV)‟ ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​មក​ស្គា​ល់ពី​អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ​នេះ​ទាំងអស់គ្នា…។

អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ គឺ…
ជា​អាការ​ស្រមើស្រមៃ​មួយបែប​ដែល​ច្រើនតែ​កើតឡើង​នៅលើ​អ្នក​ដែលមាន​ទម្លាប់ និង​ចូលចិត្ត​ដាក់ឱ្យ​ទូរស័ព្ទដៃ​ញ័រ​នៅពេល​មាន​គេ​ទូរស័ព្ទ​ចូល រឹតតែ​បើសិនជា​កំពុង​រង់ចាំ​ទូរស័ព្ទ ឬ​ដំណឹង​ពី​នរណាម្នាក់​ផង​នោះ ក៏​នឹង​កើតក្ដី​វិតក្ក​កង្វល់ ឬ​នឹក​ទន្ទឹងរង់ចាំ រហូត​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ និង​ការទទួល​ដឹង​ភ្ញាក់រឭក​ខ្លាំង​ជាង​ប្រក្រតី គួបផ្សំ​នឹង​ការប៉ះពាល់​របស់​រាងកាយ​ខណៈដែល​អ្នក​កម្រើក​រា​ង​កាយ​ផង​នោះ អាចធ្វើឱ្យ​យល់ច្រឡំ​ថា ទូរស័ព្ទដៃ​ញ័រ​ព្រោះ​មាន​គេ​តេ​ចូលមក ឬ​មាន​សញ្ញា​របស់​សារ​អ្វី​ម្យ៉ាង។

តើ​អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ ជា​ជំងឺ​គ្រោះថ្នាក់​ដែរឬទេ?
មិនមែនជា​ជំងឺ ឬ​រោគ ឬ​ភាពខុសប្រក្រតី​ខាង​រាងកាយ​អ្វី​ឡើយ វា​គ្រាន់តែ​ជា​ទង្វើ ឬ​សញ្ជាតិ-ញាណ​មួយរូប​បែប​ដែលមាន​នៅក្នុង​ខ្លួន​មនុស្សដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​ចូលមក​ជំរុញ​យ៉ាងភ្លាមៗទាន់ហន់ ហើយ​ថែមទាំង​ជា​សញ្ញា​ដាស់តឿន​ថា អ្នក​កំពុងតែ​ញៀន​ការប្រើប្រាស់​ទូរស័ព្ទដៃ ឬ​តិច​ណូ​ឡូ​ជី​គ្មាន​ខ្សែ​មួយ​នេះ​ប៉ុណ្ណោះ។

វិធី​កែប​ញ្ហា​ការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ
* ប្ដូរ​ការផ្ដល់​សញ្ញា​តឿន​ប្រាប់​ការហៅ​ចូល ឬ​សញ្ញា​ប្រាប់ថា​មាន​សារ​ចូល ទៅជា “សំឡេង‟ ជំនួស​ការ “ញ័រ‟។
* ប្ដូរ​កន្លែង​ទុក​ទូរស័ព្ទដៃ​ពី​កន្លែងចាស់​ដែល​ធ្លាប់តែ​ទុក​នៅក្នុង​ហោប៉ៅ​ខោ ទៅ​ទុក​នៅក្នុង​កាបូប​ផ្សេង​វិញ ដូចជា​កាបូបស្ពាយ​ជាដើម​ជំនួស​វិញ វា​នឹង​ជួយ​កាត់បន្ថយ​ការចង់​ទាញយក​ទូរស័ព្ទ​មកលេង​បាន។
* សាកល្បង​ទុក​ទូរស័ព្ទ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន។
* សាកល្បង​បិទ​ទូរស័ព្ទដៃ​ក្នុងអំឡុងពេល​ថ្ងៃបើសិនជា​គ្មាន​ធុរៈ​អ្វី​សំខាន់ ឬ​មុនពេល​ចូល​គេង។

ទោះជា “អាការ​ស្រមៃ​ថា​ទូរស័ព្ទដៃ​ញ័រ‟ គ្រាន់តែ​ជា​អាការ​ចម្លែក​មួយ​ដែល​បណ្ដាលមកពី​តិច​ណូ​ឡូ​ជី​ក៏ដោយ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អាការ​នេះ​បាន​សាយភាយ​ក្នុង​រង្វង់​ដ៏​ធំ​ទូលាយ​យ៉ាង​ឆាប់រហ័សដោយសារតែ​មនុស្ស​ភាគ​ច្រើន​តែង​ប្រើ​ពេលទំនេរ​នៅជាមួយនឹង​ទូរស័ព្ទដៃ​ច្រើនឡើង រហូត​អាច​បង្ក​ឱ្យ​កើតការ​ញៀន​ធ្លាប់បាន ដូច្នេះ បើ​សាកល្បង​ទុកចន្លោះ​ពេល​ប្រើ​ទូរស័ព្ទដៃ​ឱ្យ​ឆ្ងាយ​ពីគ្នា​ខ្លះ អាការ​នោះ​អាច​នឹង​បាត់​ទៅវិញ​បាន​នៅ​ទីបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here